Wednesday, May 1, 2013

អង្គការសហប្រជាជាតិមិន​ទាន់​មាន​ការ ព្រម​ព្រៀង​ណា​មួយ ក្នុង​ការ​ស៊ើប​អង្កេត អាវុធ​គីមី នៅ​ស៊ីរី



 អ្នកនាំពាក្យមួយរូប របស់អង្គការសហប្រជាជាតិ បាននិយាយនៅថ្ងៃអង្គារ ទី៣០ ខែមេសាថា យូអិននៅតែមិនទាន់ មានការព្រមព្រៀងណាមួយ សម្រាប់បេសកកម្មរបស់ខ្លួន ក្នុងការស៊ើបអង្កេត ការប្រើប្រាស់អាវុធគីមី ក្នុងប្រទេសស៊ីរី។
យោងតាមទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០១៣ថា រហូតមកដល់ពេលនេះ អង្គការសហប្រជាជាតិ មិនទាន់មានការព្រមព្រៀងណាមួយ ដែលបេសកកម្មយូអិន ត្រូវប្រឈមពាក់ព័ន្ធនឹងការ ប្រើប្រាស់អាវុធគីមី ក្នុងប្រទេសស៊ីរី ដែលក្រុមបេសកកម្ម បានត្រៀមដាក់ពង្រាយយ៉ាងឆាប់ ក្នុងប្រទេសស៊ីរី។ នេះបើតាមអ្នកនាំពាក្យ លោក ម៉ាទីន ណេសឺគី បានលើកឡើង។
លោក ណេសឺគី និយាយថា «លោកអគ្គលេខាធិការ បានសន្និដ្ឋានថា គណៈកម្មការស៊ើបអង្កេត គួរតែស៊ើបអង្កេតបញ្ហា ប្រឈមដែលជាប់ទាក់ទងនឹង សេចក្តីរាយការណ៍ ក្នុងឧប្បតិហេតុ វាយប្រហារដោយប្រើប្រាស់ អាវុធគីមី កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១២ នៅទីក្រុង ហមស៍ មិនមែនឧប្បតិហេតុនៅតំបន់ ខាន់ អាល់អាសាល់នោះទេ»។
លោកសង្កត់ធ្ងន់ថា «លោកអគ្គលេខាធិការ បាន គីមូន មិនអាចទទួលយកបានទេ នូវការស៊ើបអង្កេត ដែលមានភាពលំអៀង»៕