ជាកាពិត ផ្នត់គំនិត ទំលាប់ល្អ ឬអាក្រក់ ការយល់ដឹងរបស់មនុស្សម្នាក់ៗអាចប្រែប្រួលទៅបានគឺ តាមរយៈការផ្លាស់ប្តូរទីកន្លែងដែលរស់នៅ ឬមជ្ឈដ្ឋានដែលនៅជុំវិញខ្លួនផ្ទាល់តែម្តង។
រឿង ក្អែកនិងកូនឥន្រ្ទី
មានសត្វក្អែកមួយក្បាលបានហើរទៅសម្ងំពួនចាំលួចស៊ិពងរបស់សត្វឥន្រ្ទីខណៈពេលដែលមេឥន្រី្ទចេញទៅរកចំណី។ក្អែកនោះបានស៊ីពងឥន្រ្ទីអស់ជាច្រើនតែនៅសល់តែពងមួយដែលវាស៊ីមិនអស់។ដោយសារតែវាជាសត្វលោភលន់វាបានខាំពាំ យកពងដែលនៅសល់មួយនោះទៅទុកនៅក្នុងសម្បុកវាទុកដើម្បីស៊ីនៅពេលវាឃ្លានទៀត។ជួនជាយប់នោះជាយប់ងងឹតធ្វើអោយវាមើលលែងដឹងថាមួយណាជាពងរបស់វាមួយណាជាពងរបស់ឥន្រ្ទី។
លុះយូរៗវាក៏ភ្លេចស៊ីពងរបស់ឥន្រ្ទីនោះ កន្លះខែក្រោយមកពងក្អែកក៏ញាស់គឺញាស់ទាំងពងក្អែក
ញាស់ទាំងពងឥន្រ្ទី ហើយវាក៏មិនដឹងដែរថាមួយណាជាកូនឥន្រ្ទីដែរទើបវាចេះតែចិញ្ចឺមកូនឥន្រ្ទីនោះរហូតទៅ។
កូនក្អែកនៅពេលបានចំនីស៊ីម្តងៗ វាតែងតែដណ្តើមគ្នាស៊ី ខាំគ្នា ចឹកគ្នា ឡូឡារកោកកាក បង្ករភាពរញេរញៃដល់គ្នានឹងគ្នា។
សកម្មភាពបែបនេះបានកើតឡើងជារៀងរាល់ថ្ងៃ ហើយក្លាយជាទំលាប់ទៅហើយសំរាប់សត្វក្អែក
ហើយវាក៏បានធ្វើអោយកូនឥន្រ្ទីជាសត្វមានចិត្តល្អ មិនចេះលោភលន់ និងមានសេចក្តីថ្លៃថ្នូរនោះ បានក្លាយទៅជាសត្វដែលមានចរិតដូចកូនក្អែកទាំងនោះដែរ។
ដោយសារតែកូនឥន្រ្ទីនោះធំឡើងមានរូបរាងស្អាតជាងគេ ក៏ធ្វើអោយកូនក្អែកទាំងអស់មានចិត្តច្រណែន ហើយព្រួតគ្នាដេញខាំចឹកកូនឥន្រ្ទី។កូនឥន្រ្ទីនៅមិនសុខក៏បានសម្រេចចិត្តហើរចាកចេញពីក្រុមទៅរស់នៅតែម្នាក់ឯង។មួយរយៈក្រោយមកមេឥន្រ្ទីបានជួបនិងកូនឥន្រ្ទីនោះ មេឥន្រ្ទីបានសួរពន្យល់ណែនាំ និងបាននាំអោយទៅរស់នៅជាមួយក្រុមសត្វឥន្រ្ទីវិញ។
កូនឥន្រ្ទីបានដើររកចំណីជាមួយកូនឥន្រ្ទីដ៏ទៃទៀតដោយសារតែមានគំនិតច្រណែនឈ្នានីស អាត្មានិយម ដែលវាទទួបានកាលពីពេលដែលវារស់នៅជាមួយសត្វក្អែកធ្វើអោយវាមានចរិត និងទង្វើកូនក្អែកដែរនៅពេលដែលវាបានចំនីម្តងៗវាគំរាមកំហែង និងហែកហូរគ្នា ដេញខាំគ្នាដើម្បីដណ្តើមចំណី។
ហ្វូងឥន្រ្ទីជើញដូចនេះក៏ជំនុំគ្នាដើម្បីកែប្រែកូនឥន្រ្ទីនោះ។
គំនិតពិចារណា
មិនថាមនុស្ស ឬសត្វនោះទេអោយតែរស់នៅជាមួយក្រុមបែបណា ចិត្តគំនិត ឥរិយាបថនិងប្រែក្លាយទៅជាបែបនោះមិនខាន ព្រោះផ្នត់គំនិតបានច្របាច់ចូលគ្នាតាមរយៈវញ្ញាណទាំង៥ដែលយើងមើលឃើញ ស្តាប់ឮ ភ្លក់ ហិតក្លិន និងប៉ះពាល់ ព្រមជាមួយនិងទំលាប់ធ្វើជាប្រចាំថ្ងៃនោះ មិនយូរប៉ុន្មានយើងនឹងក្លាយទៅជាបែបនោះ និងប្រព្រឹត្តបែបនោះជាមិនខាន។
- មនុស្សដែលចេះផឹកស្រាភាគច្រើសង្គមរបស់គាត់សំបូរទៅដោយអ្នកផឹកស្រា។
- បើអ្នករស់នៅក្នុងសង្គមអ្នកចេះដឹង ចូលក្នុងចំណោមអ្នកចេះដឹង ឬអ្នករៀនសូត្រ នោះអ្នកនិងចេះដឹងនិងចង់រៀនសូត្រដូចគេដែរ។
- បើអ្នករស់នៅក្នងសង្គមចោរ អ្នកនឹងក្លាយជាចោរ។
- បើរស់នៅក្នុងសង្គមយ៉ាងម៉េច អ្នកនឹងក្លាយជាមនុស្សដូចដែលសមាជិកនៅក្នុងសង្គមដែលអ្នករស់នៅនោះដែរ។តែយ៉ាងណាអ្នកអាចធ្វើជាវីរៈបុរសនៃសង្គមមួយបាននៅពេលដែលអ្នកសំរេចចិត្តធ្វើអោយអស្ចារ្យជាងមនុស្សដែលរស់នៅក្នុងសង្គមនោះ។
ចូរប្រើប្រាជ្ញាកែតម្រូវមជ្ឈដ្ឋានតែកុំប្រើមជ្ឈដ្ឋានមកកំណត់ប្រាជ្ញាអោយសោះ